Pages

Sunday, September 15, 2013

អណ្ដាតបង

ដោយ ប៉ែន រ៉ន

១.ជំនោរត្រជាក់ ធ្លាក់រោយ​សព្វសាយ
អណ្ដាតប្រុសឆ្នើម ស្រោចស្រង់​ថ្លើម​ស្រី
អណ្ដាតមាន​ពិស ស្គាល់ឥតសល់អ្វី
អណ្ដាត​កវី ស្រី​យំ​ច្រើន​គ្នា ។

២.ស្នាម​អណ្ដាតប្រុស បញ្ចុះសារិការ
​ជួបប្រុស​ពេលណា ហៅមហារងា
ព្រឺព្រួច ព្រួច​ព្រឹ ព្រួយ​នឹង​ការពារ
នឹកឃើញ​គ្រប់​គ្រា រកភ្លេច​មិនបាន ។

៣.អូនស្រៀវ អូន​ស្រើប ​រសើប​បេះដូង
កញ្ជ្រោល​ក្នុង​ទ្រូង ញាប់ញ័រ​អង្គប្រាណ
អណ្ដាតមាន​ពិស លើសពីព្រួញព្រាន
បងធ្លាប់ដាក់ទាន វិនាសអស់ស្រី ។

៤.អណ្ដាតប្រុស​បង អូន​ផ្សងវាសនា
បាន​ស្គាល់​ពេល​ណា ទន់​សព្វ​សរសៃ
សន្លប់​ដួង​ចិត្ត វង្វេង​ស្មារតី
អណ្ដាតប្រុសថ្លៃ ថ្ងៃ​ណាជួបទៀត ។

<<MP3>>> សម្លេង​ដើម

កូនស្រីជិត ​២​ឆ្នាំ !

គេ​ណាក្មេង​ឆាប់​ធំណាស់! ភ្លេចៗ​ខ្លួន!​ កូន​ស្រី​ខ្ញុំជិត​ ២ឆ្នាំហើយ ។ ថ្មីៗ​ នេះ កូន​ស្រី​ចាប់​ផ្ដើម​ហៅ​ "ប៉ា.ប៉ា..." មាន​អារម្មណ៍​ថា​មាន​សេចក្ដី​សុខ​ណាស់ ប៉ុន្តែ​ក៏​ចាប់​ផ្ដើម​ទទួល​នូវ​សម្ពាធ​នៃ​ការ​ទទួល​ខុស​ត្រូវ​ដែរ ។ ពិត​ជា​មិន​បាន​ឆ្លង​កាត់ មិន​យល់​បាន​ពី​អារម្មណ៍​បែប​នេះ​មែន ។ ពី​មុន​មិន​សូវ​ខ្វល់ពី​ខ្លួន​ឯង និង​អ្នក​នៅ​ជុំ​វិញ ឥឡូវ​ត្រូវ​ចាប់​ផ្ដើម​គិត​គូរ​ឡើង​វិញ ពី​ព្រោះ​សកម្ម​ភាព​ទាំង​ឡាយ​របស់ខ្ញុំ​ ចាប់​ផ្ដើម​ប៉ះពាល់​ទៅ​លើ​អនាគត​របស់​មនុស្ស​ម្នាក់​ផ្សេង​ទៀត ​ដែល​បាន​ជ្រើសរើសផ្ញើរ​ជោគ​វាសនា​ សឹង​ពាក់កណ្ដាលជិវិត​ ។ ខ្ញុំ​នៅ​ភ័យ​អរ​នៅ​ឡើយ ថាតើ​ខ្ញុំ​អាច​ធ្វើ​បាន​ដូច​ឳពុក​ម្តាយ​ខ្ញុំ​ ឬទេ?

ជិះតទោង នៅ​សួន​កុមារ​វត្ត​បុទុមវត្តី

បញ្ហា​គឺ​ថា ខ្ញុំ​នៅ​តែ​មាន​អារម្មណ៍​ក្មេង​នៅ​ឡើយ ហើយ​នៅ​ចម្លែក​ចូល​ចិត្ត​ផ្សងព្រេង​ទៀត ។ សង្ឃឹម​ថា ទាំង​នេះនឹង​មិន​ជា​បណ្ដាសារ​អាក្រក់ ​សម្រាប់​កូន​ស្រី នោះទេ ។

Wednesday, September 11, 2013

ខាន​សរសេរ​យូរហើយ !

រវល់​តែ​ផឹក​ស្រា លះបង់​ការ​សរសេរជា​យូ​រមក​ហើយ ។ ឥឡូវហាក់​ដូចជា ចង់​សរសេរ​អត្ថបទ​ខ្លះ​ ដើម្បី​កំដរ​ការ​ផឹក​ស្រា ។ ព្រោះថា ផឹក​យូរ​ៗ ទៅ​ហាក់​ដូច​ជា​ធុញ​ទ្រាន់ លង់​ខ្លួន​កាន់​តែ​ជ្រៅ​ក្នុង​ភាព​ប្រមឹក ។ អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់ គឺ​ផឹក​ច្រើន​ និយាយ​ច្រើន​ សរសេរ​បាន​តិច ។ ដូច​គ្នា​នឹង អ្នក​ពូកែ​ថា មិន​ពូកែ​ធ្វើ ។ ដល់​ចាប់​ផ្ដើម​សរសេរ​ឡើង​វិញ គំនិត​ហាក់​ដូរ​ជា​មិន​ហូរ​ចេញ​មក​សោះ ។ ចេញ​អាក់ៗ ដូច​នោម​ទាស់ ។